បុព្វហេតុសាសនាគឺការស្វែងរកចម្លើយប្រស្នានៃទុក្ខ។ ហេតុនេះចម្លើយត្រូវបានគេរកឃើញខុសៗគ្នា ។ ព្រះពុទ្ធរកឃើញថា កាលណាគេយល់ពីរបៀបរស់នៅ យល់ការពិតរបស់ជីវិត យល់ពីសច្ចភាពនៃសកលចក្កវាឡ គេក៏បានស្ងប់ចិត្ត ហើយសោះអង្គើយនឹងភាពឥតប្រយោជន៍ ។ ការប្រឡាក់ប្រឡូសជាមួយអកុសលធម៌ដែលនាំឲ្យជំពាក់វាក់វិនក្នុងភព ជាតិ ជរា ព្យាធិ មរណៈ ដែលហៅថាវដ្ដទុក្ខមិនមានទីបំផុត ។ ខ្លះយល់ថា ការស្លាប់ជៀសមិនផុតដដែល កុំពិបាកចិត្ត នាំគ្នារាំច្រៀងក្នុងវិហារសរសើរព្រះទៅ ព្រោះឲ្យតែយើងគោរពជឿលើព្រះ គោរពតាមព្រះបន្ទូលរបស់ទ្រង់ យើងនឹងបានលាងអំពើបាបទាំងអស់ ហើយបានរស់នៅនគរផងព្រះ មានជីវិតមានកប្បជានិច្ច ក្រោមសិរីរុងរឿងរបស់ទ្រង់ ឲ្យតែយើងជឿដឹងតែបានឡើងឋានសួគ៌ហើយ ទោះបីជឿបានកន្លះដង្ហើមហើយស្លាប់ក៏ដោយ ។
ខ្លះដឹងថាជីវិតគង់តែស្លាប់ទេ ហើយមុននឹងស្លាប់ គឺមានការឈឺចាប់ខ្លាំងណាស់ ហេតុនេះ ទាន់ជីវិតនៅរស់គឺត្រូវខំហ្វឹកហាត់ អត់ធ្មត់ចិត្តអត់ទ្រាំចំពោះក្ដីស្រេកឃ្លានពេញៗមួយថ្ងៃ មិនលេបអ្វីសោះសូម្បីតែទឹកមាត់ សុខចិត្តពេលថ្ងៃដើរទិញចំណីទុកពេលយប់ ។ បើស្រក់ទឹកមាត់ត្រូវស្ដោះចោលកុំលេប បង្វឹកខ្លួនឲ្យធ្លាប់ អត់ធននឹងតណ្ហាសព្វបែបយ៉ាង ដើម្បីទទួលបានជោគជ័យពេលជិតស្លាប់ ។
ទាំងអស់នេះសុទ្ធតែជាការយល់ឃើញ ដែលមិនអាចមាននរណាម្នាក់បដិសេធថាគេខុស ឯងត្រូវបានឡើយ ព្រោះសុទ្ធតែជាអធ្យាស្រ័យរបស់មនុស្ស ពិបាកវែកញែករកខុសរកត្រូវណាស់ ។ នេះឯងជាបុព្វហេតុនៃអសន្តិសុខពិភពលោក អធិករណ៍ ទាំងឡាយកើតឡើងព្រោះប្រកាន់ទិដ្ឋិនេះឯង ។
ព្រះពុទ្ធទ្រង់ប្រឈមមុខចំពោះសំណួរមហាជនក្នុងរាជគ្រឹះ ដែលពេលនោះមេសាសនាទាំងឡាយ កំពុងតែដើរឃោសនារកសំឡេងគាំទ្រគគ្រឹកគគ្រេង មេសាសនាទាំងនោះសុទ្ធតែប្រកាសអួតអាងថា លិទ្ធិរបស់ខ្លួនត្រឹមត្រូវសុក្រឹតគ្រប់ជំពូក គ្រប់មាត្រា ក្រឹតវិន័យជាផ្លូវនាំទៅរកបរមសុខ ។ ព្រះពុទ្ធអង្គទ្រង់ឆ្លើយតបដោយទឹកព្រះភក្ត្រស្មោះស្មើ គ្មានបង្កើតអធិករណ៍ឡើយ ទ្រង់សម្ដែងថា ពាក្យប្រៀនប្រដៅទាំងឡាយណា ដែលមិនបៀតបៀនដោយអំពើអាក្រក់ដល់ខ្លួនឯងនិងអ្នកដទៃទេ ចូរអ្នកកាន់យកហើយប្រព្រឹត្តតាមចុះ ។ ចូរកុំជឿតាមដោយគ្រាន់តែឮតាមគ្នា ឮតៗគ្នា ឬជឿតាមដោយអាងគម្ពីរនោះឡើយ ។ ការប្រៀនប្រដៅទាំងនោះ មិនអាចជឿគ្រាន់តែឮ ឬឃើញនោះទេ ត្រូវពិសោធឲ្យឃើញជាក់ស្ដែងរួចសឹមជឿ យ៉ាងនេះជាដើម តថាគតឲ្យឈ្មោះអ្នកនោះថាបណ្ឌិត ជាអ្នកផ្ដល់សេចក្ដីសុខឲ្យខ្លួនឯង និងអ្នកដទៃ ។
ព្រះអង្គមិនបានពោលកៀងគរថា « ចូរមកតាមតថាគតចុះ ព្រោះមានតែការប្រៀនប្រដៅរបស់តថាគតទេ ដែលត្រឹមត្រូវជាងគេ » នោះឡើយ ។ ប៉ុន្តែព្រះអង្គបានផ្ដល់ចម្លើយប្រកបដោយតក្កវិជ្ជា ក្នុងបទវិភាគស្វែងរកសេចក្ដីសុខពិតនៃពួកមនុស្សស្រេកឃ្លានសុខសន្តិភាព ហើយបើចង់ចូលឲ្យដល់សេរីភាពក្នុងផ្លូវគំនិតវិញ ព្រះអង្គទ្រង់ទូន្មានថា « #ចូរកុំស្ដាប់សើៗហើយកាន់យកទិដ្ឋិដទៃ #រួចលះទិដ្ឋិខ្លួនឯងចោល » «នេះឯងជាខ្លឹមសារពិតនៃអនត្តាធម៌» តាសនបញ្ចប់កន្ទុយពាក្យ រួចគាត់សួរពេទ្យហេងភ្លាម ៖
មើលគ្រូពេទ្យ លក្ខណៈចិត្តប្រាំយ៉ាងដែលខ្ញុំបានលើកពីខាងដើមនោះ តើមានសារៈសំខាន់ដែរទេក្នុងវិជ្ជាពេទ្យសព្វថ្ងៃនេះ ?
ពេទ្យហេង ពុទ្ធោលោកពូ! ខ្ញុំរវល់តែបញ្ជូនចិត្តតាមអត្តនៃធម៌ ឃើញភាពរស់រវើកនៃបញ្ញាញាណរបស់ព្រះពុទ្ធ សឹងតែស្ទុះទៅលត់ជង្គង់ថ្វាយបង្គំឆ្ពោះទៅពុទ្ធនិវេសនដ្ឋានទាំង ៤ កន្លែងទៅហើយ ។ ពូអ្ហើយ ! ពីរោះណាស់ ជ្រះថ្លាណាស់ ចិត្តកើតបញ្ញាចែងចាំង ប្រៀបដូចជាគេដឹកដៃចេញពីទីងងឹតទៅទីភ្លឺ ឬមួយដូចព្រះចន្ទ្រពេញបូណ៌មីចេញចាកពពកខ្មៅងងឹតនៃរាត្រីកាល ។ ពូអ្ហើយ ! ខ្ញុំចេះនៅមានសំណាំងបានក្រេបនូវព្រះធម្មរសដ៏អស្ចារ្យនេះ ។
រៀបរៀងដោយ : ថោង នីដាមុនី
ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន
Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.
Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm
Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv