ប្រវត្តិឆដ្ឋសង្គាយនា (លើកទី ៦) ដ៏មហាអស្ចារ្យនេះ
History of the Chaṭṭha Saṅgāyana, The Sixth Great International Buddhist Council
ថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា គ.ស.២០២០
Monday the 4th Waxing Moon of Jeṭṭha B.E.2564 equivalent to May 25, A.D.2020 Year of the Rat
សង្គាយនា គឺជាឈ្មោះនៃកិច្ចប្រជុំរបស់ព្រះភិក្ខុសង្ឃក្នុងព្រះពុទ្ធសាសនា ដើម្បីផ្ទៀងផ្ទាត់ធម៌វិន័យដែលជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គ ទុកស្មើនឹងព្រះសម្មាសម្ពុទ្ធផ្ទាល់ព្រះអង្គ គង់នៅដូចជា ព្រះពុទ្ធដីកាថា
ដោយរយៈកាលជាអំណឹះទៅនៃព្រះពុទ្ធបរមគ្រូ មានបញ្ហាចម្រូងចម្រាសកើតឡើងចំពោះធម្មវិន័យ ក្នុងពុទ្ធសាសនមណ្ឌល ទើបព្រះមហាថេរៈទាំងឡាយ ជាគណាចារ្យបានរៀបចំជាសង្គាយនាឡើង ដើម្បីផ្ទៀងផ្ទាត់នឹងរក្សាឱ្យបាននូវទម្រង់ដើមនៃព្រះពុទ្ធវចនៈ ដែលជាពាក្យរបស់ព្រះពុទ្ធសុទ្ធៗ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ជនច្រើនអស់កាលជាយូរអង្វែងតទៅ ។
ឆដ្ឋសង្គាយនា លើកទី ៦នេះ ប្រារព្ធឡើងនៅព.ស.២៤៩៨ឆ្នាំ ក្រោយព្រះពុទ្ធបរិនិព្វាន ទីតាំង ល្អាងភ្នំសិប្បនិម្មិត មហាបាសាណាគុហា (Mahapasana Cave) ក្រុងយុាំងហ្គូន ប្រទេសភូមា ទំនុកបម្រុងដោយរដ្ឋាភិបាលភូមា ដឹកនាំដោយព្រះរេវតមហាថេរៈ ភទន្តសោភណៈ ជាបុច្ឆកៈ និង ព្រះតិបិដកធរធម្មភណ្ឌាគារិកវិចិត្តសារាភិវំសៈ ជាវិសជ្ជកៈ មានព្រះភិក្ខុសង្ឃ ២.៥០០អង្គ ដោយចូលរួមមានប្រតិភូសង្ឃមកពីបណ្តាប្រទេសកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា មាន៖ ភូមា កម្ពុជា សៀម លាវ ស្រីលង្កា និងបណ្តាប្រទេសផ្សេងៗទៀត ចូលរួមផងដែរ ។ ប្រារព្ធឡើងរយៈពេល ២ឆ្នាំ មូលហេតុ ដើម្បីផ្ទៀងផ្ទាត់ធម្មវិន័យ និងចងក្រងព្រះពុទ្ធវចនៈ ពោលគឺព្រះត្រៃបិដក ព្រមទាំងអដ្ឋកថា ដីកា យោជនា និងគន្ថៈផ្សេងៗ មានគម្ពីរវេយ្យាករណ៍ ជាដើម បានជាឯកសាររួមរបស់ព្រះពុទ្ធសាសនាថេរវាទ ។
• ព្រះអគ្គមហាបណ្ឌិត ភទន្តៈ សោភណៈ (មហាសីស្យាដ័រ) ជាបុច្ឆកត្ថេរ (អ្នកសួរ) ព្រះមហាថេរៈអង្គនេះ ប្រជាជនភូមាជឿជាក់ថា ជាព្រះអនាគាមិបុគ្គល។
• ព្រះតិដកធរធម្មភណ្ឌាគារិកៈ ភទន្តៈ វិចិត្តសារាភិវំសៈ ជាវិសជ្ជកៈ (អ្នកឆ្លើយ) ព្រះមហាថេរៈអង្គនេះ ចេះចាំព្រះត្រៃបិដកទាំងបីសូត្រមាត់ទទេបានសព្វគ្រប់។
ទីតាំងធ្វើសង្គាយនា និងទីស្នាក់នៅរបស់ព្រះភិក្ខុសង្ឃ មហាបាសាណាគុហា ជាភ្នំសិប្បនិម្មិតតូចល្មមមួយ មានបណ្តោយប្រវែង ៤៥៤ហត្ថ និងទទឹង ៣៧០ហត្ថ មានរូងភ្នំ នៅខាងក្នុង ដែលមានបណ្តោយប្រវែង ២២០ ហត្ថ ទទឹង ១៤០ហត្ថ មានទ្វារធំៗ ៦ និងប្រហោង ៣ខាងលើ ច្រកចូលទ្វារធំ តំណាងព្រះរតនត្រ័យ និងជុំវិញ មានប្រហោង ២៤ទៀត ជាបង្អួចតំណាងបច្ច័យទាំង ២៤ ក្នុងគម្ពីរមហាដ្ឋាន (អភិធម្ម) ដែលចំណាយលើថ្លៃកសាងអស់ ៩២សែនរូពី។ ឯកន្លែងស្នាក់អាស្រ័យរបស់ព្រះភិក្ខុសង្ឃវិញ ក៏ស្ថិតក្នុងទីមិនឆ្ងាយដែរ ដោយគេសង់ជាមហាកុដិធំៗ ដាក់ឈ្មោះទៅតាមទិសទាំង ៤ គឺ៖ បុព្វវិទេហទ្វីប ជម្ពូទី្វប អមរគោយានទ្វីប និងឧត្តរកុរុទ្វីប និងកុដិនីមួយៗ មានបណ្តោយ ១១០ម៉ែត្រ ទទឹង ១៨ម៉ែត្រ ហើយមាន ៣ជាន់ ។ ជាន់ក្រោមត្រូវបានបែងចែកជាបន្ទប់ធំៗ សម្រាប់ធ្វើបន្ទប់រៀនសាលាធម្មទូត ។ ជាន់កណ្តាល និងជាន់លើ បែងចែកជាបន្ទប់តូចល្មម ដើម្បីស្នាក់នៅ ៦០បន្ទប់។ គ្រប់ជាន់ទាំង ៣ សុទ្ធតែមានបង្គន់ បន្ទប់ទឹកងូត និងកន្លែងលុបលាងមុខ នៅខាងចុងៗនៃបណ្តោយអគារ ។ ក្រៅពីសំណង់ធំៗទាំង ៤នេះ មានសាលាភត្ត ៣ជាន់មួយខ្នងទៀត ដែលមានបណ្តោយ ៨០ម៉ែត្រ ទទឹង ៥០ម៉ែត្រ និងមានទីធ្លាខាងមុខធំទូលាយ។ ការកសាងសំណង់ទី ៥នេះ ចំណាយអស់ថវិកា ១២លាន ២សែនរូពី សរុបទាំងថ្លៃកសាងមហាបាសាណាគុហាផង ១២លាន ៩៣ សែនរូពី។ ចំពោះការស្នាក់នៅវិញ ព្រះមហាថេរៈ គង់នៅមួយបន្ទប់ ១អង្គឯង ឯភិក្ខុទូទៅគង់នៅ ២អង្គក្នុងមួយបន្ទប់ និងមានក្អមទឹកនិងផ្ទិលទឹកតម្តល់ទុកស្រេចហើយ សម្រាប់ប្រើប្រាស់ ព្រមទាំងមានអ្នកបម្រើនៅចាំបម្រើជានិច្ចទៀតផង ។
ការចងសីមា និងសម្ពោធឆ្លងមហាបាសាណាគុហា នៅពេលព្រឹកថ្ងៃ ១៥កើត ខែពិសាខ ព.ស.២៤៩៨នោះ ក្រោយពីធ្វើបាតរាស (ឆាន់ចង្ហាន់ព្រឹក) រួចហើយ ព្រះរេវតមហាថេរៈ ញ៉ោងយ៉ាន់ស្យាដ័រ ជាប្រធានបាននាំ គណៈសង្ឃចូលទៅកាន់មហាបាសាណាគុហា ដើម្បីចងសីមា។ ក្នុងពិធីចងសីមានេះ ព្រះមហាថេរៈទាំងឡាយជាជនជាតិភូមា និងព្រះមហាថេរៈ ដែលនិមន្តមកពីប្រទេសដទៃទៀត ចូលរួមធ្វើសង្ឃកម្មដកសីមា សួរឆ្លើយ និម្មិតសីមា និងចងសីមារួមគ្នា ដោយចែកជាវេន តាមប្រទេសនីមួយៗ សូត្រជាភាសាបាលីនៃជាតិរៀងៗខ្លួន ហើយការចងសីមានេះប្រព្រឹត្តទៅរហូតដល់ម៉ោង ១១ ខ្វះ១៥នាទី ថ្ងៃត្រង់ទើបចប់។ នៅពេលល្ងាចថ្ងៃចងសីមានោះដែរ វេលាម៉ោង ១៦ ព្រះមហាថេរៈ បានដឹកនាំព្រះភិក្ខុសង្ឃ ចូលទៅក្នុងមហាបាសាណាគុហា ដើម្បីចម្រើនព្រះបរិត្ត សម្ពោធធ្វើសង្គាយនា ឯឧបាសក ឧបាសិកា ក៏ដង្ហែប្រទក្សិណ ឰដ៏ខាងក្រៅគុហាដោយសេចក្តីជ្រះថ្លា យ៉ាងក្រៃលែង ។
ការចាប់ផ្តើមធ្វើសង្គាយនា ចាប់ពីមួយថ្ងៃ បន្ទាប់ពីថ្ងៃសម្ពោធមហាបាសាណាគុហា ក្រោយពីធ្វើភត្តកិច្ចហើយ នៅម៉ោង ១១ ថ្ងៃត្រង់ ព្រះសង្គីតិការកៈ គ្រប់ព្រះអង្គ ត្រូវទទួលយកផ្លិតពិសេស ដែលមានឈ្មោះវស្សា និងនាមបញ្ញត្តិ ព្រមទាំងសមណសក្តិ និងមានចុះលេខសម្គាល់ផង ។ ផ្លិតនោះមានចំនួន ២៥០០ គ្រប់គ្រប់ចំនួន សម្រាប់ព្រះភិក្ខុសង្ឃ ព្រះសង្គីតិការកៈ គ្រប់ៗព្រះអង្គ ក្រោយពីបានទទួលផ្លិតហើយ លោកក៏និមន្តទៅកាន់មហាបាសាណាគុហា ដោយចូលតាមទ្វារទាំងពីរខាងលិច ឯឧបាសក ឧបាសិកា ក៏ត្រូវ ទទួលស្លាកអញ្ជើញដែរ ហើយត្រូវចូលទៅក្នុងគុហាតាមទ្វារខាងត្បូង ។
ភ្ញៀវពិសេសរបស់ពុទ្ធសាសនសភា ត្រូវចូលតាមទ្វារលេខ ២ ទិសខាងកើត លោកប្រធានាធិបតីរដ្ឋមន្ត្រីគ្រប់តំណែងប្រតិភូរដ្ឋាភិបាលប្រទេសនានា ភ្ញៀវបរទេសនឹងអ្នករាជការខាងអង្គទូត ត្រូវចូលតាមទ្វារលេខ ២ ទិសខាងកើត ។ ខណៈនោះដែរ មហាមេឃក៏បង្អុរភ្លៀងមួយមេយ៉ាងធំ ហាក់ដូចជាចូលរួមអបអរសាទរមហាឆដ្ឋសង្គាយនានោះដែរ ការចូលរួមលើកដំបូងនេះ មានសង្គីតិការកៈ ២៥០០ អង្គ ឥស្សរជន និងភ្ញៀវពិសេស និងជាតិនានាប្រមាណជា ២០០០ រូប ព្រះសង្ឃនឹងគ្រហស្ថ ជនជាតិភូមា ប្រមាណជា ២០០០០ រូបទៀត សុខឈរហាលភ្លៀងចាំស្តាប់ការប្រព្រឹត្តទៅនៃមហាឆដ្ឋសង្គាយនា ។ នៅវេលាម៉ោង ១២ និង ១០ នាទី លោកបណ្ឌិត អ៊ូ ភៈ អ៊ូ ប្រធានាធិបតីភូមា អញ្ជើញមកដល់ វេលាម៉ោង ១២ និង ១២ នាទី ដែលជានក្ខត្តឫក្ស តាមក្បូនហោរាសាស្រ្តភូមា ស័ង្គ ជួង កាំភ្លោះ ភេរី ខាងក្នុងគុហានឹងរគាំង ១០៨ ខាងក្រៅគុហា ក៏លាន់ឮឡើងព្រមគ្នា ហាក់បីដូចជាកក្រើកក្រឡាមហាប្រីថពី ជាសញ្ញា បញ្ជាក់ប្រាប់ថា សម័យនៃសង្គាយនាទី៦ ត្រូវបានបើកហើយ ។ ជាកិច្ចផ្តើមពិធី ព្រះនាគវំសៈមហាថេរៈ លេខាទី ២ នៃពុទ្ធសាសនសភា ប្រកាសសេចក្តីជាភាសាបាលី និងភាសាភូមា បើកពេលប្រជុំឆដ្ឋសង្គាយនា លុះចប់សេចក្តីប្រកាសរួចហើយ ព្រះវិសុទ្ធិមហាថេរៈ លេខាទី ១ នៃពុទ្ធសាសនសភា សូត្រញត្តិជាភាសាបាលីផ្ទៀងសង្ឃ តាំងព្រះអភិធជមហារដ្ឋគរុភទន្តរេវតៈ ញ៉ោងយ៉ាន់ស្យាដ័រ ជាប្រធានសង្ឃក្នុងពិធីឆដ្ឋសង្គាយនា ទើបព្រះមហាថេរៈ ឡើងគង់លើថេរាសនៈ ជាប្រធានសង្ឃ ។ បន្ទាប់មក អ៊ូ បណ្ឌិតមហាថេរៈ សូត្រថុតិវេទល្លគាថា ជាភាសាបាលីប្រែភូមា ថ្លែងចំពោះមហាសន្និបាត ។ លុះចប់ហើយ ជំនុំសង្ឃទាំងអស់ បន្លឺវាចាថា សាធុ សាធុ សាធុ ៣ ដង ព្រមៗគ្នាឮខ្លាំងៗ ។
ឧបាសក អ៊ូ សេង ជវ សូត្របូជនីយមង្គលាថោមនាគាថា រួចហើយ ឯកឧត្តម អ៊ូ វិន រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា ថ្លែងសេចក្តីគោរពចំពោះមហាសន្និបាត ។ ឯកឧត្តម អគ្គមហាសិរីសុធម្មបណ្ឌិត អ៊ូ ភៈ អ៊ូ ប្រធានាធិបតី នៃសហភាពប្រទេសភូមា ថ្លែងសេចក្តីគោរពទទួលខ្លួនជាអ្នកឧបត្ថម្ភនៃមហាឆដ្ឋសង្គាយនាក្នុងនាមជាប្រទេសថេរវាទីទាំងអស់ ។
លោក សាធុសិរីសុធម្ម អ៊ូ ធ្វិន ប្រធាននៃពុទ្ធសាសនសភា ថ្លែងសេចក្តីទទួលបន្ទុកផ្ទត់ផ្ទង់ព្រះភិក្ខុសង្ឃ ដោយចតុប្បច្ច័យ ក្នុងនាមរដ្ឋាភិបាលសហភាពប្រទេសភូមា និងពុទ្ធសាសនសភា ។ បន្ទាប់មកទៀត មានការអានលិខិតរបស់គណៈសង្ឃនិងរដ្ឋាភិបាល របស់ប្រទេសនីមួយៗ ដែលបានចូលរួម ព្រមទាំងមានការថ្លែងសុន្ទរកថា ដោយផ្ទាល់ពីសំណាក់ប្រតិភូសង្ឃនិងទូត មកពីបណ្តាប្រទេសដទៃទៀតផង ។ ក្រោយពីចប់ ការអានសារលិខិតនិងសេចក្តីថ្លែងរបស់ប្រតិភូគ្រប់រូបរួចហើយ ព្រះឥន្ទាសភមហាថេរៈ អគ្គមហា បណ្ឌិតជនជាតិភូមា ថ្លែងតបបដិសណ្ឋារៈ ចំពោះសារលិខិតនិងសេចក្តីថ្លែងទាំងនោះ ។ ព្រះអភិធជមហារដ្ឋគរុ ភទន្តៈរេវតៈ ញ៉ោងយ៉ាន់ស្យាដ័រ ប្រទានឱវាទដល់ជំនុំសង្ឃទាំងអស់ ជាភាសាបាលីនឹងភាសាភូមា ។ នៅម៉ោង ១៤ និង ៣០ នាទី ព្រះនាគវំសៈមហាថេរៈ ប្រកាសឈប់សម្រាក់ ១ ម៉ោង ដើម្បីសម្រួលឥរិយាបថ ព្រះសង្ឃឆាន់ភេសជ្ជៈ និង ឧបាសក ឧបាសិកា ទទួលទានអាហារសម្រន់ ដោយមានបន្លឺសូរគង ១០ អន្លូង ជាសញ្ញាផងដែរ ។ ម៉ោង ១៥ និង ៣០ នាទី គង ស័ង្ខ ជួង កាំភ្លោះ លាន់សូរគឹកកងឡើង បញ្ជាក់ប្រាប់ថា ដល់ម៉ោង ចូលប្រជុំឡើងវិញហើយ ។ ពេលនោះ ព្រះនាគវំសៈមហាថេរៈ ប្រកាសដល់ម៉ោងមហាសន្និបាតឱ្យដឹងថា ត្រូវបើកពេលប្រជុំតទៅទៀត ។ ព្រះរេវតមហាថេរៈ ប្រធានសង្ឃ បានសូត្រញត្តិផ្ទៀតផ្ទាត់ សុំតាំងព្រះអគ្គមហាបណ្ឌិត ភទន្តៈ ជវនៈ ជាអ្នកសួរ និងព្រះតិបិដកធរធម្មភណ្ឌាគារិកៈ ភទន្តៈ វិចិត្តសារាភិវំសៈ អ្នកជាឆ្លើយ ហើយធ្វើការសង្គាយនាវិន័យបិដក ពីបឋមបារាជិកតទៅ ។ ព្រះបុច្ឆកត្ថេរ និង ព្រះវិសជ្ជកត្ថេរ ក៏ឡើងកាន់ថេរាសនៈ រៀងៗអង្គ ។ បុច្ឆកត្ថេរ សូត្រផ្ទៀងសង្ឃ សុំសង្ឃានុញ្ញាតិធ្វើជាអ្នកសួរ ហើយសួរនូវបឋមបារាជិក ចំពោះវិសជ្ជកត្ថេរ (សួរមាត់ទទេមិនមានការអានសៀវភៅទេ) វិសជ្ជកត្ថេរ ក៏សូត្រផ្ទៀតសង្ឃ សុំសង្ឃានុញ្ញាតធ្វើជាអ្នកឆ្លើយ ហើយឆ្លើយនូវបញ្ហាដែលបុច្ឆកត្ថេរ សួរ (ឆ្លើយផ្ទាល់មាត់មិនមានការអានសៀភៅដែរ) លុះចប់ការសួរឆ្លើយ ព្រះសង្គីតិការកៈ គ្រប់ព្រះអង្គ ក៏បន្លឺសព្ទសាធុការថា សាធុ សាធុ សាធុ ៣ ដង ដំណាលនឹងសូរស័ង្ខជាដើម យ៉ាងលាន់ទ្រហឹង ។ ការកសង្ឃក៏សូត្រសិក្ខាបទបារាជិក ដោយចាប់ផ្តើមតាំងពី វេរញ្ជកណ្ឌជាដើម ជាភាសាបាលី រហូតអស់មួយសង្កាត់សេចក្តី ព្រមទាំងសូត្រសិក្ខាបទបឋមបារាជិក ព្រមៗគ្នា ចប់ទៀតផង ។ ពេលចប់មហាសន្និបាតថ្ងៃដំបូង សំឡេងសព្ទសាធុការ ក៏បានលាន់ឮឡើង ជាមួយសំឡេងគង ស័ង្ខ ជួង រគាំង យ៉ាងទ្រហឹងអឹងកង ។ ព្រះនាគវំសៈមហាថេរៈ ក៏សូត្រលើកអង្គប្រជុំហើយ សូរគង រគាំង ១០ អន្លូង ក៏លាន់ឮឡើងជាសញ្ញាទៀតដែរ ។
ការសង្គាយនាថ្ងៃបន្ទាប់នឹងរហូតដល់ថ្ងៃបញ្ចប់ សម័យប្រជុំថ្ងៃបន្ទាប់ ក៏មានកម្មវិធីដូចថ្ងៃដំបូងដែរ ដោយមានការប្រកាសបើកអង្គប្រជុំដោយព្រះនាគវំសៈមហាថេរៈ សូត្រប្រកាសជាភាសាបាលីនឹងភាសាភូមា ហើយបន្ទាប់មកមានការអានសារលិខិតនឹងថ្លែងសុន្ទរកថាដូចថ្ងៃមុនដែរ ។ តែប្លែកគឺថ្ងៃបន្ទាប់នោះ ឯកឧត្តម អ៊ូ នូ (U NU) នាយករដ្ឋមន្ត្រីនៃប្រទេសភូមាថ្លែងសេចក្តីគោរពជឿកាន់ព្រះពុទ្ធសាសនានឹងការផ្សាយព្រះពុទ្ធសាសនាទូទៅក្នុងពិភពលោក ដោយមិនមានវត្តមានលោកប្រធានាធិបតីទេ ។ លុះដល់ចប់ការអានសារលិខិតនឹងសេចក្តីថ្លែងសុន្ទរកថាទាំងឡាយ ក៏មានការថ្លែងតបបដិសណ្ឋារៈ ដូចថ្ងៃមុនដែរ និងមានការឈប់សម្រាកសម្រួលឥរិយាបថ និងឆាន់ភេសជ្ជៈ ទទួលទានអាហារសម្រន់ដូចគ្នា ។ ដែលប្លែកខុសពីថ្ងៃដំបូង ម៉្យាងទៀត គឺការតាំងបុច្ឆកត្ថេរ អង្គផ្សេងវិញ ដោយតាំងព្រះអគ្គមហាបណ្ឌិត ភទន្តៈ សោភណៈ ជំនួសព្រះអគ្គមហាបណ្ឌិត ភទន្តៈ ជវនៈ ដោយប្រារព្ធការសួរឆ្លើយក្នុងសិក្ខាបទបន្ទាត់តទៅ ។
ចំណែកឯ ថ្ងៃបន្ទាប់មកទៀត ក៏មានសកម្មភាពដូចគ្នា គ្រាន់តែប្លែងប្រតិភូដែលសារលិខិតនឹងសុន្ទរកថាផ្សេងគ្នាខ្លះប៉ុណ្ណោះ ដោយសារមកពីបណ្តាប្រទេសផ្សេងគ្នា តែដែលប្លែកនោះ គឺក្នុងថ្ងៃទី ៣ មិនមានវត្តមានរបស់លោកប្រធានាធិបតី ឫក៏ លោកនាយករដ្ឋមន្ត្រីទេ តែលោក អូ៊ វិន រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា ជាអ្នកជំនួស ហើយថ្លែងសេចក្តីគោរព និងរៀបរាប់ពីគង់វង្សនឹងរីកចម្រើននៃព្រះពុទ្ធសាសនា ដោយលោកលើកពីប្រវត្តិនៃសង្គាយនាកន្លងមក និងមូលហេតុនៃការធ្វើសង្គាយនាដើម្បីរក្សាធម៌វិន័យ ដូចដែលលោកលើកយក ព្រះរាជឱង្ការព្រះចៅមិនដូន ក្នុងគ្រាសង្គាយនាទី ៥ មកជាគ្រឿងបញ្ជាក់ថា មនុស្សពុំមានសីលធម៌ មានសន្តានចិត្តបាបតែម្នាក់អាចបង្កបង្កើតឱ្យមានមនុស្សមានសភាពដូចគ្នានោះ ចំនួន ១០០០ នាក់ ដែលបំផ្លាញព្រះពុទ្ធសាសនាបាន ព្រោះលោកមានការព្រួយបារម្ភពីការសាបសូន្យទៅនៃធម្មវិន័យ ដែលជាពុទ្ធសាសនាពិតៗ ដោយមានការបៀតបៀន ពីក្រុមមនុស្សអសីលធម៌ ទាំងជាអធម្មវាទីក្នុងពុទ្ធសាសនានឹងពាហិរសាសនា ។ សម្រាប់ការធ្វើសង្គាយនានៅថ្ងៃបន្ទាប់ៗមកទៀត ក៏មានទំនងដូចគ្នានេះដែរ តែព្រះមហាថេរៈអង្គខ្លះ ដែលជាអ្នកដឹកនាំកម្មវិធី ត្រូវបានផ្លាស់ប្តូរ លើកលែងតែព្រះប្រធាន និងព្រះបុច្ឆកត្ថេរ និង ព្រះវិសជ្ជកត្ថេរ តែប៉ុណ្ណោះ ។
មហាសន្និបាតនេះ ចាប់ផ្តើមពីថ្ងៃ ១៥ កើត ខែពិសាខ ពុទ្ធសករាជ ២៤៩៨ រហូតដល់ថ្ងៃ ១៥ កើត ខែពិសាខ ពុទ្ធសករាជ ២៥០០ វស្សា ទើប ប្រព្រឹត្តទៅអស់រយៈពេល ២ឆ្នាំគត់ ។ សារៈសំខាន់នៃមហាសន្និបាតនេះ គឺការប្រមូលចង់ក្រងគ្រប់ឯកសារព្រះពុទ្ធសាសនា តាំងពីព្រះពុទ្ធវចនៈដើម ដែលចារឹកទុកក្នុងគម្ពីរព្រះត្រៃបិដក ហៅថា បាលី បាឋៈ ឫក៏ មូលៈ ដែលជាភាសិតចេញពីព្រះពុទ្ធឱស្ឋពិតៗ និងភាសិតរបស់សាវ័ក (សាវកភាសិត) ទេវតា (ទេវតាភាសិត) និង ព្រះបច្ចេកពុទ្ធ តាបស (ឥសីភាសិត) ជាដើម ដែលរាប់ថា ជាពុទ្ធវចនៈ ដោយការដែលព្រះពុទ្ធអង្គទ្រង់ទទួលយកថា ត្រឹមត្រូវ ។ ក្រៅពីព្រះត្រៃបិដក នៅមានអដ្ឋកថា ដីកា អនុដីកា និង គន្ថៈ មានក្បួនវេយ្យាករណ៍ផ្សេងៗទៀតជាច្រើន ដែលសុទ្ធសឹង ជាឯកសារជំនួសដល់ការសិក្សាព្រះពុទ្ធវចនៈ ។ មហាឆដ្ឋសង្គាយនានេះ ជាមហាសន្និបាតចុងក្រោយបំផុត និងមានប្រយោជន៍សម្រាប់អ្នកសិក្សាព្រះពុទ្ធសាសនា នាសម័យដែលធ្វើសង្គាយនានោះ និងសម័យខាងក្រោយមក ដូចជាសព្វថ្ងៃនេះ ជាដើម ។ល។
សូមបញ្ជាក់សារជាថ្មីម្តងទៀត ឆដ្ឋសង្គាយនា លើកទី ៦ (ព.ស.២៤៩៨ – ២៥០០វស្សា)
• ទីតាំងប្រារព្ធ នៅល្អាងភ្នំសិប្បនិម្មិត មហាបាសាណគុហា ទីក្រុងយុាំងហ្គូន ប្រទេសភូមា
• ទំនុកបម្រុងដោយរដ្ឋាភិបាលប្រទេសភូមា
• ប្រារព្ធអស់រយៈពេល ២ ឆ្នាំគត
• ដឹកនាំដោយព្រះអភិធជមហារដ្ឋគុរុ ភទន្ត រេវត មហាថេរៈ ញ៉ោងយ៉ាន់ស្យាដ័រ ជាប្រធានសង្ឃ ក្នុងពិធី ឆដ្ឋសង្គាយនា មានព្រះអគ្គមហាបណ្ឌិត ភទន្ត សោភណៈ (មហាស៉ីស្យាដ័រ) ជាបុច្ឆកត្ថេរ អ្នកសួរ ព្រះមហាថេរៈ អង្គនេះប្រជាជនភូមា ជឿជាក់ថាជាព្រះអនាគាមិបុគ្គល និងព្រះតិបិដកធរធម្មភណ្ឌាគារិក ភទន្ត វិចិត្តសារាភិវំសៈ ជាវិសជ្ជកត្ថេរ អ្នកឆ្លើយ ព្រះមហាថេរៈ អង្គនេះចេះចាំព្រះត្រៃបិដកទាំងបី សូត្រមាត់ទទេបានសព្វគ្រប់ ។ល។
• មានព្រះភិក្ខុសង្ឃ និមន្តចូលរួម ២៥០០ អង្គ
• មានបណ្តាប្រទេសកាន់ពុទ្ធសាសនាថេរវាទ ដូចជា កម្ពុជា ថៃ ឡាវ ស្រីលង្កា និងប្រទេសភូមា ជាដើម
• មូលហេតុ ដើម្បីផ្ទៀតផ្ទាត់ព្រះធម៌វិន័យ និងចង់ក្រងព្រះពុទ្ធវចនៈ គឺព្រះត្រៃបិដក អដ្ឋកថា ព្រមទាំង ដីកា យោជនា គន្ថៈ គម្ពីរវេយ្យាករណ៍ ជាឯកសាររបស់ព្រះពុទ្ធសាសនាថេរវាទ.
ក្រោយពីចប់ពិធី ឆដ្ឋសង្គាយនា លើកទី៦ រួចមក ឯក
ឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានប្រកាសតែងតាំង ព្រះមហាថេរៈ ៨ ព្រះអង្គ ថា អគ្គមហាបណ្ឌិត គឺ៖
• ព្រះវិមលធម្ម អាសភត្ថេរ ព្រះជន្មាយុ ៥១ ឆ្នាំ វស្សាបាន ៣២ ព្រះរាជាណាចក្រថៃ
• ព្រះបុញ្ញាភិធជមហាថេរៈ ព្រះជន្មាយុ ៨៥ ឆ្នាំ វស្សា ៦៥ ប្រទេសភូមា
• ព្រះសុវណ្ណមហាថេរៈ ព្រះជន្មាយុ ៧២ ឆ្នាំ វស្សាបាន ៥៣ ប្រទេសភូមា
• ព្រះសូរិយមហាថេរៈ ព្រះជន្មាយុ ៧១ ឆ្នាំ វស្សាបាន ៥១ ប្រទេសភូមា
• ព្រះពុទ្ធទត្តមហាថេរៈ ព្រះជន្មាយុ ៦៧ ឆ្នាំ វស្សាបាន ៤៧ ប្រទេសស្រីលង្កា
• ព្រះសោភណមហាថេរៈ ព្រះជន្មាយុ ៦០ ឆ្នាំ វស្សាបាន ៤១ ប្រទេសភូមា
• ព្រះកោសលមហាថេរៈ ព្រះជន្មាយុ ៦០ ឆ្នាំ វស្សាបាន ៤០ ប្រទេសភូមា ។ល។
សូមបានជាឧបនិស្ស័យនៃការចាក់ធ្លុះនូវអាសវកិលេសជាទីបំផុតនៃទុក្ខក្នុងសង្សារវដ្តនេះ សូមបានសម្រេចមគ្គផល
សូមបានជាបុគ្គលមានសម្មាទិដ្ឋិ មានបញ្ញា មានចាគៈ មានសទ្ធា ជួបតែសប្បុរស បណ្ឌិតអ្នកបា្រជ្ញ ជួយដឹកនាំដល់សួគ៌នឹងព្រះនិព្វាន ក្នុងអនាគតជាតិ សូមត្រេកអរ ជ្រះថ្លារីករាយបីតិសោមនស្ស ក្នុងចិត្ត
សូមអនុមោទនា៕
ដកស្រង់ដោយ៖ ភិក្ខុ ធម្មប្បជ្ជោតោ វ៉ាត ចំរើន
ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន
Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.
Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm
Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv