ពិធីបុណ្យកឋិន នៅវត្ដគិរីវង្សាបុប្ផារាម ថ្ងៃទី៥ - ៦ ខែវិច្ឆិកា ព.ស.២៥៦៦ គ.ស.២០២២
Kathin at Kiryvongsa Bopharam Pagoda on NOV 5 - 6, B.E.2566 A.D.2022
ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា គ.ស.២០២២
Wednesday the 12th Waning Moon of Sāvaṇa B.E.2566 equivalent to August 24, A.D.2022 Year of the Tiger
កន្លែងៈ វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព Wat Kiryvongsa Bopharam, the Peace Meditation Center
100A Cave Hill Road, Leverett, MA 01054 – 9728
លេខទូរស័ព្ទៈ ៤១៣.៣៦៧.០២៨០
413.367.0280
ដើម្បីធ្វើបុណ្យកឋិនឱ្យបានត្រឹមត្រូវតាមពុទ្ធានុញ្ញាត ពុទ្ធបរិស័ទត្រូវប្រព្រឹត្ដដូចតទៅ៖
១. វត្ដអារាមត្រូវតែបានបញ្ចុះពុទ្ធសីមារួចរាល់ហើយមុនពេលប្រារព្ធពិធីបុណ្យកឋិន។
២. ព្រះភិក្ខុ ដែលជាអ្នកក្រាលគ្រង ត្រូវបានគង់ចាំវស្សាអស់កាលត្រីមាសគម្រប់ ៣ខែក្នុងរដូវវស្សានៅក្នុងពុទ្ធសីមានៃវត្ដអារាម ដែលពុទ្ធបរិស័ទដង្ហែអង្គកឋិនចូលទៅប្រគេននោះ។
៣. សាមណេរមិនអាចក្រាលគ្រងកឋិនបានទេ។ សាមណេរទទួលកឋិនបានតាមរយៈព្រះភិក្ខុ អ្នកក្រាលគ្រង។
៤. ភិក្ខុដាច់ត្រៃសរណគមន៍៖ ភិក្ខុមិនយកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរព្ញក គឺភិក្ខុចងខ្សែអំបោះក្រហម អំបោះស ស្រោចទឹក ប្រោះទឹក ធ្វើគ្រូទាយ ធ្វើគ្រូមន្ដអាគមអូមអាម ធ្វើពិធីក្រុងពាលី បោះបាយបិណ្ឌ រៀបបាយសី ភិក្ខុយកវត្ថុដទៃជាទីពឹងទីរព្ញក (យកអបិយជំនឿមកដាក់ក្នុងខ្លួន) យកវត្ថុខាងក្រៅពីពុទ្ធសាសនាមកជាទីពឹងទីរព្ញក ។ល។ និយាយឱ្យខ្លី គឺភិក្ខុដែលមិនប្រតិបត្ដិតាមសេចក្ដីប្រៀនប្រដៅនៃព្រះសម្មាសម្ពុទ្ធ គឺធ្វើកឋិនមិនបានអានិសង្សកឋិនទេ គឺបានត្រឹមតែបច្ច័យបួន។
៥. ភិក្ខុបរាជិក គឺភិក្ខុដាច់ត្រៃសរណគមន៍ ដាច់សីលអស់ហើយ ធ្វើកឋិនមិនបានអានិសង្សកឋិនទេ។
៦. បដិគ្គាហកៈ ឬព្រះភិក្ខុ ដែលជាអ្នកក្រាលគ្រង មានសេរីភាពក្នុងខ្លួនចាប់តាំងពីបានក្រាលអនុមោទនាកឋិនពេលណាមក តែងបាននូវអានិសង្ស ៥យ៉ាងគឺ៖
ក. អនាមន្ដចារោ — ត្រាច់ (និមន្ដ) ទៅណាមិនបាច់លាភិក្ខុផងគ្នា
ខ. អសមាទានចារោ — ត្រាច់ (និមន្ដ) ទៅណាមិនបាច់យកត្រៃចីវរគ្រប់ប្រដាប់ អាចដាក់ទុកនៅកន្លែងបាន
គ. ភិក្ខុឆាន់គណភោជន និងបរមប្បរភោជនបាន
ឃ. យាវទត្ថចីវរំ — ភិក្ខុទុកដាក់អតិរេកចីវរបានតាមប្រាថ្នា
ង. យោ ច តត្ថចីវរុប្បាទោស សោ នេសំ ភវិស្សតិ — អានិសង្សលាភ ដែលកើតឡើងក្នុងទីនោះ ត្រូវបានតែភិក្ខុ ដែលគង់នៅក្នុងអាវាសនោះ។
ទាយក ទាយិកាក៏បានអានិស្សដ៏ក្រៃលែងច្រើនជាអនេកប្បការ ដូចជាស្លាប់ពីលោកនេះទៅៗកើតសុគតិភព លុះចុតិ (ស្លាប់) ពីសុគតិភពមកឋានមនុស្ស បានជាស្ដេចចក្រពត្ដិគ្រប់គ្រងទ្វីបទាំងបួន អស់បុណ្យពីស្ដេចចក្រពត្ដិមកកើតស្ដេចតូចៗ អស់ពីស្ដេចតូចៗមកកើតជាសេដ្ឋីគហបតី អស់ពីគហបតីមកកើតកូនអ្នកមាន កូនអ្នកក្រមិនកើតទេ នេះជាអានិសង្ស ដែលអ្នកធ្វើកឋិន ត្រូវបានអានិសង្សនេះឯង ហៅថា នាមធម៌។
វត្ថុ ឬរបស់ដែលធ្វើឱ្យកើតជាកឋិនមានបី៖ ស្បង់មួយ ចីពរមួយ សង្ឃាដីមួយ ទាំងបីនេះហៅថា ត្រៃ។ វត្ថុឬរបស់ក្រៅពីត្រៃមាន៖ បាត្រ ឆត្រ កន្ទេល ខ្នើយ ព្រំ គ្រែ តុ ទូ កៅអី ហៅថា បរិក្ខាររបស់កឋិន ស្បង់ ចីពរ សង្ឃាដី យកតែស្បង់មួយធ្វើកឋិនក៏បាន។
កឋិនធ្វើកម្របានត្រឹមត្រូវតាមវិន័យបញ្ញត្ដិណាស់ ប្រសិនបើផ្នែកឧបាសក ឧបាសិកា កាត់ស្បង់ចីពរត្រឹមត្រូវតាមវិន័យបញ្ញត្ដិ ហើយបដិគ្គាហកៈក្រាលគ្រងបានត្រឹមត្រូវតាមវិន័យបញ្ញត្ដិ កឋិននេះឈ្មោះថា បានអានិសង្សទាំងអ្នកទទួល ទាំងអ្នកឱ្យ។
ប្រសិនបើទាយក ទាយិកា កាត់ស្បង់ចីពរបានត្រឹមត្រូវយកធ្វើកឋិន ប៉ុន្ដែបដិគ្គាហកៈ ភិក្ខុអ្នកក្រាលគ្រងមិនបានត្រឹមត្រូវ កឋិននេះមិនបានកើតជាកឋិន ក្លាយជាបុណ្យបច្ច័យបួន អានិសង្សមិនបានដល់ភិក្ខុអ្នកក្រាលគ្រងទេ បានតែទាយក ទាយិកា អ្នកឱ្យ។
បុណ្យទាំងអស់ក្នុងព្រះពុទ្ធសាសនា អានិសង្សដែលត្រូវបាន គឺបានតែទាយក ទាយិកា ឧបាសក ឧបាសិកា ជាអ្នកឱ្យទេ អ្នកទទួលមិនបានអានិសង្សទេ។
ដោយឡែកប្លែកតែពិធីបុណ្យកឋិន ព្រោះបុណ្យកឋិនបានទាំងសងខាង គឺអ្នកឱ្យក៏បានអានិសង្ស អ្នកទទួលក៏បានអានិសង្ស។
ការធ្វើកឋិនមិនបានត្រឹមត្រូវតាមវិន័យបញ្ញត្ដិជាវិបត្ដិយ៉ាងធ្ងន់ចំពោះភិក្ខុអ្នកក្រាលគ្រង និងអ្នកអនុមោទនា។ ឯទាយក ទាយិកា ឧបាសក ឧបាសិកា អ្នកឱ្យមិនមានវិបត្ដិអ្វីឡើយ គ្រាន់តែមិនបានអានិសង្សកឋិន ត្រឡប់ទៅជាបានអានិសង្សបច្ច័យបួនវិញ។
១.ទុកសង្ឃាដីនៅកន្លែងនិមន្ដទៅកាន់ទីកន្លែងផ្សេងៗ
២. ទុកអតិរេកចីវរឱ្យលើសពី ១០ថ្ងៃ
៣. ឆាន់គណភោជន និងបរមប្បរភោជនព្រមគ្នា និមន្ដទៅណាមិនបានប្រាប់ភិក្ខុផងគ្នាអស់រយៈពេល ៥ខែសម្គាល់ថា អានិសង្សកឋិន ដែលត្រូវបាន។
ចុះប្រសិនបើធ្វើកឋិនមិនត្រូវតាមវិន័យបញ្ញត្ដិ ហើយអ្នកក្រាលគ្រងកឋិនក៏មិនត្រឹមត្រូវជាវិបត្ដិដល់ភិក្ខុ អស់រយៈពេល ៥ខែ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃពេញបូណ៌មី ខែផល្គុន ចំពោះភិក្ខុ ដែលក្រាលគ្រងកឋិនមិនត្រឹមត្រូវតាមវិន័យនោះ គឺភិក្ខុអ្នកក្រាលគ្រងមិនចេះ ឬមិនយល់នូវអានិសង្ស ៥ មិនយល់ មិនដឹងនូវមាតិកា ៨ បលិពោធ ២ ក៏មិនយល់ អនត្ថតាការ ២៤ ក៏មិនដឹង មិនយល់ អត្ថតាការ ១៧ ក៏មិនយល់ មិនដឹង។ ភិក្ខុអ្នកក្រាលគ្រងកឋិន ប្រសិនបើមិនយល់ មិនដឹងនូវលក្ខណៈ ៥ចំណុចនេះ ប្រសិនបើក្រាលគ្រងកឋិនៗនោះមិនកើតជាកឋិនទេ កឋិនក្លាយទៅជាបច្ច័យបួនពិតប្រាកដ។
ដូច្នេះហើយបានជាលោកអ្នកប្រាជ្ញទាំងឡាយបានប្រៀបធៀបការធ្វើកឋិនទៅនឹងឈើស្នឹង ឈើស្នឹងគឺជាឈើដែលគេកាត់ដាច់ពាក់កណ្ដាលដើម ហើយគេយកចំណែកខាងចុងទៅដោតវានឹងផែនដី ឈើនោះកម្រនឹងបានដុះលូតលាស់។ យ៉ាងណាមិញ រីឯពិធីបុណ្យកឋិនក្រធ្វើឱ្យបានត្រឹមត្រូវតាមវិន័យបញ្ញត្ដិ ក៏យ៉ាងនោះដែរ។
រៀបរៀងដោយព្រះភិក្ខុ តេជប្បញ្ញោ គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម
ខែមិគសិរ ព.ស.២៦៥៤ ខែធ្នូ គ.ស.២០១០
ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន
Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.
Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm
Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv