អត្ថន័យពិធីបុណ្យមាឃបូជា
ថ្ងៃអាទិត្យ ៨កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមករា គ.ស.២០២៣
Sunday the 8th Waxing Moon of Māgha B.E.2566 equivalent to January 29, A.D.2023 Year of the Tiger
ដោយសច្ចធម៌
ពិធីបុណ្យមាឃបូជា
ថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ គ.ស.២០២៣ គឺជាថ្ងៃ «បុណ្យមាឃបូជា» ដែលមានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនា ។
✨ដើម្បីអនុមោទនាថ្ងៃបុណ្យមាឃបូជា ដែលជាទិវាដ៏វិសេសវិសាលនៃពុទ្ធសាសនិកជនទូទាំងពិភពលោក ខ្ញុំព្រះករុណាអាត្មាភាព សូមលើកយកសាសនកិច្ចខ្លះៗ ព្រមទាំងព្រះធម៌ទេសនា និងសេចក្តីអត្ថាធិប្បាយនៃពិធីបុណ្យមាឃបូជាមកចែកជូនដល់សាធុជនទាំងអស់ ទុកគ្រាន់ជាប្រដាប់សតិបញ្ញា និងបានអនុមោទនាកុសលភាគផលតម្កល់ជាស្ពានឈានឆ្ពោះកាន់សន្តិវរបទតទៅ៖
សាសនកិច្ចខាងក្រោមនេះ ដកស្រង់ចេញពីសៀវភៅ “មាឃបូជា វិសាខបូជា និង ពិធីពុទ្ធាភិសេក”រៀបរៀងដោយ គណៈកម្មការធម្មវិន័យ បោះពុម្ពផ្សាយនៅព.ស.២៥៣៣ គ.ស.១៩៨៩។
ពិធីមាឃបូជានេះ ជាសម័យដ៏ធំមួយ សឹងមាននក្ខត្តឫក្សគួរធ្វើសក្ការបូជាដល់ពីរដង គឺសំដៅយកត្រង់ថ្ងៃដែលទ្រង់សំដែងឱវាទប្បាតិមោក្ខម្តង ត្រង់ថ្ងៃដែលទ្រង់ដាក់ព្រះជន្មាយុម្តង ទើបអ្នកប្រាជ្ញបុរាណលើកយកថ្ងៃពេញបូណ៌មីខែមាឃ ទុកជាពិធីធ្វើសក្ការបូជាដរាបមកដល់សព្វថ្ងៃនេះ។ ឯរបៀបរៀបចំតាក់តែងគ្រឿងសក្ការៈផ្សេងៗ មិនប្លែកគ្នាអំពីពិធីដែលមានមកហើយនោះៗទេ ផ្សេងគ្នាតែបាលីសម្រាប់វេរគ្រឿងសក្ការៈតែប៉ុណ្ណោះ។
៚✨នម្កសារព្រះបរមសារីរិកធាតុ
មាឃវស្សានិ សម្ពុទ្ធេា ភគវា យោ តថាគតោ, សមសីត្យា យុគកាលេ បរិនិព្វាយិ សោ មុនិ។
តស្ស សារីរិកា ធាតុ អម្ហាកំ បមុខេ ថិតា, ឥធា គតោ ច សោ សត្ថា ធរមានោ វ តិដ្ឋតិ។
សក្ការេហាភិបូជេម តំ នមស្សាម សាទរំ, សាធុនោ ភគវា នាថោ សព្វញ្ញូ សន្តិទាយកោ។
ឥមេ ទលិទ្ទសក្ការេ អនុកម្បាយ គណ្ហតុ, ទីឃរត្តំ ហិតាយេវ សុខាយម្ហាក សព្វទា។
ព្រះតថាគត ភគវន្តមុនីឯណា ទ្រង់បានត្រាស់ហើយ (ឋិតនៅ) អស់ ៤៥ឆ្នាំ, ព្រះតថាគតអង្គនោះ ព្រះអង្គជាមហាមុនី ទ្រង់បរិនិព្វានហើយ ក្នុងកាលដែលព្រះអង្គ មានព្រះជន្មាយុ ៨០ឆ្នាំគត់ (ឥឡូវ) ព្រះបរមសារីរិកធាតុនៃព្រះអង្គ មកប្រតិស្ឋានក្នុងទីចំពោះមុខ នៃយើងខ្ញុំព្រះអង្គ ហាក់ដូចជាព្រះបរមសាស្តាអង្គនោះ ទ្រង់គង់ព្រះធរមាននៅឡើយ ស្តេចយាងមកក្នុងទីនេះ យើងខ្ញុំ សូមបូជាចំពោះព្រះអង្គ ដោយគ្រឿងសក្ការៈទាំងឡាយ សូមនម្កសារព្រះអង្គដោយគោរព, សូមព្រះភគវន្តមុនីសព្វញ្ញូពុទ្ធបរមលោកនាថ តែងតែប្រោសប្រទានសន្តិសុខដល់សត្វលោក ទ្រង់ព្រះមេត្តាប្រោស ទទួលនូវគ្រឿងសក្ការៈទាំងឡាយ របស់យើងខ្ញុំព្រះអង្គឱ្យបានហិតប្រយោជន៍ និងសេចក្តីសុខសព្វកាលវេលា យូរអង្វែងរៀងទៅហោង។ (ក្រាបថ្វាយបង្គំម្តង)
៚✨វិធីប្រកាសមាឃបូជា
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
សូមនមស្សការ ចំពោះព្រះភគវន្តមុនី អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
សម្មាសម្ពុទ្ធោ វត សោ ភគវា យោ សព្វទុក្ខស្ស
បហានាយ ធម្មំ ទេសេតិ តំ សម្មាសម្ពុទ្ធំ អាទរេន នមស្សាមិ។
ព្រះភគវន្តមុនីអង្គឯណា ទ្រង់ត្រាស់សំដែងនូវធម៌ ដើម្បីកម្ចាត់បង់នូវសេចក្តីទុក្ខទាំងពួង, ព្រះភគវន្តមុនីអង្គនោះ ជាព្រះសម្មាសម្ពុទ្ធពិតមែន យើងខ្ញុំព្រះអង្គ សូមថ្វាយបង្គំនូវព្រះសម្មាសម្ពុទ្ធអង្គនោះ ដោយគោរព។ (ក្រាបថ្វាយបង្គំម្តង)
និយ្យានិកោ វត សោ ធម្មោ យោ សព្វទុក្ខស្ស
បហានាយ ស្វាក្ខាតោ តេន ភគវា តំ ធម្មំ អាទរេន នមស្សាម។
ព្រះធម៌ណា ដែលព្រះភគវន្តមុនីអង្គនោះ ទ្រង់ត្រាស់សំដែងហើយដោយប្រពៃ ដើម្បីកម្ចាត់បង់នូវសេចក្តីទុក្ខទាំងពួង, ព្រះធម៌នោះ ជាធម៌ស្រោចស្រង់សត្វពិតមែន, យើងខ្ញុំព្រះអង្គ សូមថ្វាយបង្គំ នូវព្រះធម៌នោះ ដោយគោរព។ (ក្រាបថ្វាយបង្គំម្តង)
សុប្បដិបន្នោ វតស្ស ភគវតោ សោ សាវកសង្ឃោ យោ សព្វទុក្ខស្ស បហានាយ បដិបន្នោ តំ សង្ឃំ អាទរេន នមស្សាម។
ព្រះអរិយសង្ឃណា លោកប្រតិបត្តិដើម្បីកម្ចាត់បង់នូវសេចក្តីទុក្ខទាំងពួង, ព្រះអរិយសង្ឃនោះ ជាសង្ឃសាវ័កនៃព្រះភគវន្តមុនីអង្គនោះ លោកប្រតិបត្តិ ដោយប្រពៃពិតមែន, យើងខ្ញុំព្រះអង្គ សូមថ្វាយបង្គំនូវព្រះអរិយសង្ឃនោះដោយគោរព។ (ក្រាបថ្វាយបង្គំម្តង)
៙ថ្ងៃនេះ ជាតិថីពេញបូណ៌មី នៃខែមាឃ មានព្រះចន្ទពេញវង់ត្រូវនឹងថ្ងៃនៃសាវកសន្និបាត របស់ព្រះសាក្យមុនី អរហន្តសម្មាសម្ពុទ្ធ ជាបរមគ្រូនៃយើង, សាវកសន្និបាតនោះ ប្រកបដោយអង្គ៤គឺ៖
»ទី១ ថ្ងៃពេញបូណ៌មីខែមាឃ ព្រះចន្ទចរចូលក្នុងមាឃនក្ខត្តឫក្ស។
»ទី២ ព្រះភិក្ខុសង្ឃ មានចំនួន ១.២៥០អង្គ ឥតមានអ្នកណានិមន្ត ឬណាត់ពេលវេលាគ្នាសោះឡើយ ក៏ស្រាប់តែមកប្រជុំគ្នា ក្នុងសំណាក់នៃព្រះបរមសាស្តា នាវត្តវេឡុវ័ន កលន្ទកនិវាបស្ថាន ក្រុងរាជគ្រឹះ មគធរដ្ឋ នៅវេលាថ្ងៃល្ងាច។
»ទី៣ ព្រះភិក្ខុសង្ឃទាំង ១.២៥០អង្គនោះ សុទ្ធតែជាឯហិភិក្ខុ ដូចគ្នាទាំងអស់។
»ទី៤ ព្រះភិក្ខសង្ឃទាំង ១.២៥០អង្គនោះ សុទ្ធតែជាខីណាស្រពទាំងអស់។ ព្រះសព្វញ្ញូពុទ្ធទ្រង់ត្រាស់សំដែង នូវឱវាទប្បាដិមោក្ខក្នុងទីប្រជុំនៃព្រះភិក្ខុសង្ឃនោះ។
ការប្រជុំសាវ័កបែបនេះ ហៅថា “ចតុរង្គសន្និបាត” គឺការប្រជុំប្រកបដោយអង្គ៤ ក្នុងពុទ្ធកាលនៃព្រះសក្យមុនីបរមគ្រូរបស់យើងមានតែម្តងប៉ុណ្ណោះ។
មួយទៀត កាលដែលព្រះបរមសាស្តានៃយើងទ្រង់មានព្រះជន្ម ប្រសិនបើគិតតាមឈ្មោះខែ នៅខ្វះ ៤ខែ, ប្រសិនបើគិតតាមចំនួនថ្ងៃ នៅខ្វះតែ ៨៨ថ្ងៃទៀត នឹងគ្រប់ ៨០ឆ្នាំគត់, ព្រះអង្គទ្រង់ធ្វើកំណត់នូវព្រះជន្មាយុសង្ខារថា “ម្នាលភិក្ខុទាំងឡាយ គិតពីថ្ងៃនេះទៅ នៅខ្វះតែ ៣ខែទៀតទេ តថាគតនឹងរលត់ខន្ធចូលកាន់និព្វាន”។
ការធ្វើកំណត់ព្រះជន្មាយុនេះ គឺនៅថ្ងៃ ១៥កើត ខែមាឃនេះឯង។ តិថីនេះជាឧបលក្ខិតសម័យដ៏ឧត្តម ក្នុងព្រះពុទ្ធសាសនា គឺជាថ្ងៃសម្រាប់ពុទ្ធមាមកជន ទាំងបព្វជិតទាំងគ្រហស្ថ ប្រជុំគ្នាធ្វើសក្ការៈបូជា ចំពោះព្រះសម្មាសម្ពុទ្ធអង្គនោះ ព្រមទាំងព្រះធម៌ជាបរមពុទ្ធោវាទ និងព្រះអរិយសង្ឃជាសាវ័ករបស់ព្រះអង្គ។
ឥឡូវនេះ យើងទាំងអស់គ្នា ជាពុទ្ធសាសនិកជន បានមកប្រជុំគ្នា បានរៀបចំគ្រឿងសក្ការបូជា មានទៀនធូប និងផ្កាជាដើម ក្នុងទីនេះ ដែលមានព្រះពុទ្ធរូបស្នងព្រះអង្គ (ប្រសិនបើមានព្រះបរមសារីរិកធាតុ ត្រូវបញ្ចូលពាក្យថា “និងព្រះបរមសារីរិកធាតុ”ផង) គង់ជាប្រធាន ហាក់ដូចជាព្រះបរមសាស្តាអង្គនោះ ទ្រង់ស្តេចមកគង់ក្នុងទីចំពោះមុខនៃយើងទាំងអស់គ្នា យើងខ្ញុំសូមថ្វាយនូវគ្រឿងសក្ការបូជាទាំងនេះ ចំពោះព្រះសម្មាសម្ពុទ្ធព្រះអង្គនោះ ព្រមទាំងព្រះធម៌ និងព្រះអរិយសង្ឃនៃរតនត្រៃទាំងបី ដោយសេចក្តីគោរព។
បពិត្រព្រះសក្យមុនីបរមគ្រូ ព្រះអង្គជាបូជារហបុគ្គល របស់ទេវតា និងមនុស្សក្នុងលោក ឥតមានបុគ្គលណាមួយ ត្រឹមស្មើនឹងព្រះអង្គឡើយ ទោះបីព្រះអង្គចូលបរិនិព្វាន បាត់ព្រះរូបព្រះកាយ អស់កាលយូរអង្វែងទៅហើយក៏ពិតមែន, ប៉ុន្តែ ទ្រង់បានប្រតិស្ឋានព្រះវិសុទ្ធោវាទ គឺព្រះធម៌ វិន័យ ដ៏បរិសុទ្ធវិសេស ទុកជាតំណាងព្រះពុទ្ធអង្គ ទ្រង់ព្រះគុណរបស់ព្រះអង្គក៏នៅមានប្រាកដ ទាំងព្រះសារីរិកធាតុ និងព្រះពុទ្ធរូប ស្នងព្រះអង្គក៏នៅមានប្រាកដដែរ សូមព្រះដ៏មានបុណ្យជាបរមសាស្តា ទ្រង់ព្រះមេត្តាទទួលនូវគ្រឿងសក្ការបូជា របស់យើងខ្ញុំព្រះអង្គ ដែលបានរៀបចំថ្វាយក្នុងទីនេះ ដើម្បីជាផលានិសង្ស ឱ្យយើងខ្ញុំព្រះអង្គ បានប្រកបដោយឥដ្ឋមនុញ្ញផល វិបុលសុខ និងសេចក្តីចម្រើនដ៏ធំទូលាយ អស់កាលជាអង្វែងទៅហោង៕
៚✨វេរគ្រឿងសក្ការបូជា ទាំងបាលី និងសម្រាយ
អជ្ជាយំ ភន្តោ មាឃបុណ្ណមី សម្បត្តោ មាឃនក្ខត្តេន យុត្តោ បុណ្ណចន្ទោ ហោតិ តទា ហិ អរហន្តសម្មាសម្ពុទ្ធោ វេឡុវនេ កលន្ទកនិវាបេ មាឃបុណ្ណមិយំ វឌ្ឍមានកច្ឆយាយ ចតុរង្គិកេ សាវកសន្និបាតេ ឱវាទប្បាតិមោក្ខំ ឧទ្ទិសិត្វា វិសុទ្ធុប្បោសថំ អកាសិ សព្វេសំ ខីណសវានំយេវ អឌ្ឍតេឡាសាន ភិក្ខសតានំ។
អថ ច បន អម្ហាកំ លោកនាយកោ បាវាលចេតិយេ សភោ សម្បជានោ អសីតិយា វស្សកាលេ ឥតោ តិណ្ណំ មាសានំ អច្ចយេន តថាគតោ បរិនិព្វាយិស្សាមីតិ អាយុសង្ខារំ ឱស្សជ្ជំ ឱស្សជ្ជត្វា ច បន ភូមិបាលោ អហោសិ។
តេន ហិ មយន្ទានិ ឥមំ មាឃបុណ្ណមី នក្ខត្តសមយំ យថាតក្កាលសទិសំ សម្បត្តោ តស្ស តំ តំ អនុស្សមានោ ឥធ សមាគតា រតនត្តយស្ស ឥមេហិ ទីបធូបបុប្ផាទិសក្ការេហិ អភិបូជេម សាធុ នោ ភន្តេ ភគវា សាវកសង្ឃោ សុចិរបរិនិព្វុតោបិ ឥមេ សក្ការេ បដិគ្គណ្ហតុ អម្ហាកំ ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ៕
»ប្រែថាៈ បពិត្រលោកទាំងឡាយដ៏ចម្រើន ថ្ងៃនេះជាថ្ងៃមាឃបុណ្ណមីដល់ព្រមហើយ ប្រកបហើយ ដោយមាឃនក្ខត្តឫក្ស មានព្រះចន្ទពេញវង់ប្រាកដ, សេចក្តីពិតថា ព្រះអរហន្តសម្មាសម្ពុទ្ធ ទ្រង់ប្រថាប់នៅក្នុងវេឡុវ័ន កលន្ទកនិវាបស្ថាន សម្តែងនូវឱវាទប្បាតិមោក្ខ ធ្វើវិសុទ្ធីឧបោសថ ចំពោះភិក្ខុដប់ពីររយដោយកន្លះគឺ (១.២៥០)អង្គ សុទ្ធតែជាព្រះខីណាស្រពទាំងអស់ ក្នុងទីប្រជុំសាវ័ក ប្រកបដោយអង្គ៤ វេលារសៀលថ្ងៃពេញបូណ៌មីខែមាឃ។
មួយវិញទៀត សម្តេចព្រះលោកនាយក អម្ចាស់នៃយើង ទ្រង់ប្រថាប់នៅក្នុងបាវាចេតិយ ទ្រង់មានសតិសម្បជញ្ញៈ ដាក់ចុះនូវព្រះជន្មាយុសង្ខារថា កន្លងទៅបីខែទៀត រាប់តាំងអំពីខែនេះ តថាគតនឹងបរិនិព្វាន គម្រប់ព្រះជន្មាយុ ៨០ឆ្នាំគត់ លុះទ្រង់ដាក់ព្រះជន្មាយុសង្ខារហើយ ក៏កើតញាប់ញ័រផែនដី។
ព្រោះហេតុនោះ ឥឡូវនេះ យើងខ្ញុំទាំងឡាយ (បើ) ដល់ថ្ងៃមាឃបុណ្ណមី ជានក្ខត្តសម័យ ប្រហែលដូចមាឃនក្ខត្តសម័យកាលនោះ ក៏រលឹកដល់នូវកាលទាំងពីរនោះ របស់ព្រះដ៏មានព្រះភាគ ទើបមកជុំគ្នាក្នុងស្ថាននេះ ធ្វើបូជាចំពោះព្រះរតនត្រ័យ ដោយគ្រឿងសក្ការបូជាទាំងឡាយ មានទៀន ធូប កម្រងផ្កាជាដើមនេះ, បពិត្រព្រះដ៏មានព្រះភាគដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ព្រមទាំងព្រះសង្ឃសាវ័ក សូម្បីបរិនិព្វានហើយជាយូរអង្វែង សូមទទួលនូវគ្រឿងសក្ការៈទាំងឡាយនេះ ដើម្បីជាប្រយោជន៍ និងដើម្បីសេចក្តីសុខ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែងទៅហោង៕
លុះចប់វិធីប្រកាសមាឃបូជាហើយ សូមនិមន្តព្រះសង្ឃទាំងអស់ នម្កសារព្រះរតនត្រ័យ តាមវិធីប្រណាម (នម្កសារ) និងធម៌សម្រាប់នម្កសារផ្សេងៗទៀត តាមដែលអាចសូត្របានគ្រប់ព្រះអង្គ។ តទៅសូមឱ្យភិក្ខុ ឬសាមណេរមានសំឡេងពីរោះដែលបានហាត់ហើយ សូធ្យ ២អង្គៗនូវនមក្ការគាថា ហើយនិមន្តធម្មកថិកសំដែងធម៌ទេសនា។ លុះចប់ធម៌ទេសនាហើយ ពុទ្ធបរិស័ទណាចង់សូធ្យបទផ្សេងៗ ដែលស្របនឹងបុណ្យនេះ ក៏សូមសូធ្យទាល់តែភ្លឺទៅចុះ៕
(ចប់សាសនកិច្ចនៃមាឃបូជា ដោយសង្ខេប)
………………………………………..
ព្រះធម្មវិសេសទេសនា មាឃបូជាសំដែងដោយសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ។
សូមពុទ្ធបរិស័ទទាំងអស់បានភប់ប្រសព្វជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈគ្រប់ទិនទិវារាត្រីកុំបីឃ្លៀងឃ្លាតឡើយ។ សូមសព្វសត្តទាំងអស់បានជួបតែនឹងសេចក្តីសុខសន្តិភាពគ្រប់ប្រការ រួចផុតទុក្ខ សោក រោគ ភ័យ តរៀងទៅ។ សូមសច្ចធម៌នៃព្រះបរមគ្រូសម្មាសម្ពុទ្ធបានជ្រួតជ្រាបក្នុងដួងចិត្តនៃប្រជាពលលោកគ្រប់រូបជានិរន្តរ៍ទៅហោង។
ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន
Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.
Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm
Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv